ស្រប​ពេល​ដែល​ Sharing Economy ឬ​ Coworking Space ដែល​សំ​ដៅ​ដល់​​ការិយាល័យ​ធ្វើ​ការ​រួមគ្នា​​​​ សម្រាប់​ក្រុមហ៊ុន​ ឬ​អាជីវកម្ម​ថ្មីថ្មោង​កំពុង​រីកដុះដាល់​គួរ​ឱ្យ​កត់​សម្គាល់​នៅ​​រាជធានី​ភ្នំពេញ យុវជន​ ម៉ី ផល្គុន ​អ្នក​ខេត្ត​បន្ទាយ​មានជ័យ​​ បាន​សម្រេច​បង្កើត​មួយ​ដែរ​​ក្រោម​ម៉ាក​យីហោ​ Coworking Today ជា​មួយ​ដៃគូ​របស់​ខ្លួន ដែល​មាន​ទំហំ ៤០០​ម៉ែត្រ​ការ៉េ ស្ថិត​នៅ​​ក្បែរ​អាង​ទឹក​អូឡាំពិក។ ​សហស្ថាបនិក​រូប​នេះ​ បាន​លើក​ឡើង​ថា​ មូលហេតុ​ដែល​លោក​សម្រេច​ចិត្ត​បង្កើត Coworking Todayនេះឡើង ព្រោះ​​ខ្លួន​លោក​ផ្ទាល់​ធ្លាប់​ជួប​បញ្ហា​ក្នុង ការ​ជួល​ការិយាល័យ សម្រាប់​ធ្វើ​ការងារ​ ហើយ​លោក​​ឈរ​លើ​គោលការណ៍​ពិសេស​ ៣​យ៉ាង​សម្រាប់​កន្លែង​ Coworking Space របស់លោក។

ក្នុង​បទ​សម្ភាសន៍​ជា​មួយ​ក្រុមការងារ​ BizKhmer ​​ម៉ី ផល្គុន ​បាន​បង្ហើប​ពី​ចំណុច​ពិសេស​ទាំង​បី​នោះ​គឺ ទី១ មាន​ទីតាំង​ល្អ​អាច​ឲ្យ​អាជីវកម្ម​ងាយ​ស្រួល​ក្នុង​ការ​ជួប​ឬ​ទំនាក់ទំនង​ជាមួយ​អតិថិជន​របស់​ខ្លួន (ងាយ​ស្រួល​ទាំង​ទីតាំង​ចតយានយន្តផង) ទី២ ផ្ដល់​បរិយាកាស​ល្អ​សម្រាប់​ដំណើរ​ការ​អាជីវកម្ម​ ដូចនេះ​អាជីវកម្ម​ថ្មីៗ នឹង​មាន​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​ផ្ដោត​លើ​ការ​ផ្ដល់​សេវាកម្ម និង​ការ​ធ្វើ​ទីផ្សារ និងទី៣ លើស​ពី​កន្លែង​សម្រាប់​តែ​ធ្វើ​អាជីវកម្ម​ ​​ពោល​គឺ​​ជា​កន្លែង​សម្រាប់​ធ្វើ​វគ្គ​បណ្ដុះ​បណ្ដាល​​ ​ចែក​រំលែក​បទ​ពិសោធ​នានា​ដល់​អាជីវកម្ម​ដែល​បង្កើត​​ថ្មី​​ និង​ជា​កន្លែង​ដែល​ម្ចាស់​អាជីវកម្ម​រៀនសូត្រ​ពី​គ្នា​បាន​ទៅ​វិញ​ទៅមក។

​​​​​​​​​​ «យើង​សម្រេច​ចិត្ត​បង្កើត Coworking Todayឡើង ដោយ​សារ​ជាក់ស្ដែង​ខ្ញុំ​ផ្ទាល់​ជា​អ្នក​ធ្លាប់​ជួល Office Spaceពីគេ​សម្រាប់​ធ្វើការ។ តែ​យើង​មើល​ឃើញ​ថា office ទាំង​នោះ​មិន​អាច​ផ្ដល់​អ្វី​ទៅតាម​តម្រូវ ដល់​យើង​ក្នុង​នាម​ជា​អតិជន​នៅ​ឡើយ»នេះ​ជា​ការ​លើកឡើង​របស់​លោក​ ម៉ី ផល្គុន។ លោក​បន្ថែម​ថា ​នេះ​ក៏​ដោយសារ តម្រូវ​ការ​នៃ​ការ​ប្រើប្រាស់​ការិយាល័យ​មាន​ច្រើន​ជាង ការ​ផ្ដល់​សេវាកម្ម​ជួល​ការិយាល័យ។ លោក​បញ្ជាក់៖ ​​«ទោះ​បើ​យើង​មិន​ជួល ក៏​មាន​អ្នក​ផ្សេង​គេ​មក​ជួល​ជំនួស​យើង ព្រោះ​តម្រូវការ​ការិយាល័យ​ធ្វើ​ការ ​វា​មាន​​ខ្ពស់។ អីចឹង​​ហើយ​បានជា​ការ​ផ្ដល់​សេវាកម្ម វា​មិន​សូវ​បាន​ល្អ»

បើ​តាម​លោក ម៉ី ផល្គុន ដោយសារ​មើល​ឃើញ​បញ្ហា​នេះ​ហើយ ទើប​លោក​និង​ដៃគូ​ សម្រេច​ចិត្ត បង្កើត​​ការិយាល័យ​ធ្វើ​ការ​រួម​មួយ សម្រាប់​ក្រុម​ការងារ​របស់​លោក​ផ្ទាល់​​ផង និង​អាច​ជួយ​ដល់​អាច​ជួយ​ដល់​អាជីវកម្ម​បង្កើត​ថ្មី​ៗ ឲ្យ​ទទួល​បាន​ការិយាល័យ ធ្វើការ​ដែល​មាន​បរិយាកាស​ល្អ​ប្រសើរ​ផង។

បច្ចុប្បន្ន​នេះ Coworking Today កំពុង​ត្រូវ​បាន​ស្ថាបនា ហើយ​គ្រោង​នឹង​បញ្ចប់​ក្នុងពេលឆាប់ៗ​ខាងមុខនេះ ហើយ​វា​នឹង​ក្លាយ​កន្លែង​មួយ​ដែល​ផ្ដល់​ការិយាល័យ​ធ្វើ​ការ​គ្រប់​ប្រភេទ​ទៅ​តាម​តម្រូវការ​របស់​អតិថិជន។ ក្នុង​នោះ​រួមមាន​ការិយាល័យ​សម្រាប់​បុគ្គល​ម្នាក់ រហូត​សម្រាប់​ការងារ​ជា​ក្រុម ហើយ​ក៏​មាន​ជា​ប្រភេទ​សម្រាប់​ការងារ​ពេញ​ម៉ោង និង​ក្រៅ​ម៉ោង​ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គួរ​​បញ្ជាក់​ផង​ដែរ​​​ថា​ យ៉ាង​ហោច​ណាស់​​ ​មាន​ប្រភេទ​ការិយាល័យ​​​រួម​គ្នា​​ ដែល​មាន​លក្ខណៈ​ស្រដៀង​នឹង Coworking Today ​ចំនួន​ជិត​​ ១០កន្លែង​រួម​មាន Emerald HUB, The Desk, SmallWorld, Outpost Cambodia, Regus, ជា​ដើម​ ដែល​បាន​និង​កំពុង​​ទទួល​បាន​ការ​ចាប់​អារម្មណ៍​និង​មាន​ទីតាំង​ស្ថិត​នៅ​​ក្នុង​រាជធានី​ភ្នំពេញ។ ​

«បើ​សាខា​ទី​មួយ​របស់​យើងនៅអាងទឹកអូឡាំពិច​ដំណើរ​ការ​ទៅ​ដោយ​ជោគជ័យ Coworking Today នឹង​បន្ថែមសាខា​ថ្មី​មួយ​ទៀត​ដែល​មាន​ទីតាំង​ និង បរិយាកាស​កាន់​តែល្អថែមទៀត» នេះជាការបញ្ជាក់​បន្ថែម​ របស់សហ​ស្ថាបនិក Coworking Today និង​ម្ចាស់​គេហទំព័រ​ KHPages.com លោក ម៉ី ផល្គុន ៕

ដោយ៖ រឿន វាសនា

Source: BizKhmer.com



Leave a Reply